Thursday, May 9, 2024
spot_imgspot_imgspot_imgspot_img

Become a member

Get the best offers and updates relating to Liberty Case News.

― Advertisement ―

spot_img

ក្មេងស្រីអាយុ១៥ឆ្នាំជិះម៉ូតូទៅបុកជាមួយរថយន្តបើកបរបញ្រ្ចាសទិសពេញទំហឹង បណ្តាលឱ្យស្លាប់ភ្លាមៗនៅលើផ្លូវលេខ៤៤

  ខេត្តកំពង់ស្ពឺ៖ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូម្នាក់ឯងជ្រុលទៅបុកជាមួយរថយន្តដែលកំពុងបើកបរបញ្ច្រាសទិសចំពីមុខយ៉ាងពេញទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនឹងសមត្ថកិច្ច។ ហេតុការណ៍ម៉ូតូបុកជាមួយរថយន្តបណ្តាលឱ្យក្មេងស្រីអាយុ១៥ឆ្នាំស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង០១និង៥៥នាទីរសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខលេខ៤៤ ចន្លោះបង្គោល គីឡូម៉ែត្រលេខ៨១-ទៅលេខ៨២ ត្រង់ចំណុចភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។   នគរបាលស្រុកថ្ពងបានឱ្យដឹងថានៅមុនពេលកើតហេតុមានម៉ូតូ ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1J-1055 អ្នកបើកបរឈ្មោះ រិត...
Homeឯកសារស្រាវជ្រាវតោះមកស្គាល់ ម្សៅក្រអូប ក្រចេះចួងចន្ទន៍ ជាម្សៅលាបកាយ បែបបុរាណ ដែលបាត់វត្តមានពីស្រុកខ្មែរ ទៅហើយ !

តោះមកស្គាល់ ម្សៅក្រអូប ក្រចេះចួងចន្ទន៍ ជាម្សៅលាបកាយ បែបបុរាណ ដែលបាត់វត្តមានពីស្រុកខ្មែរ ទៅហើយ !

ឈ្មោះខ្មែរ ៖ ដើម ក្រចេះ
ឈ្មោះថ្មីយកពីសៀម ៖ ភ្ញាយ៉ា ឬ មោក្ស
ឈ្មោះវិទ្យាសាស្ត្រ ៖ Naringi crenulata (roxb ) nicolson
អំបូរ ៖ RUTACEAE

ក្រចេះជា ចុល្លព្រឹក្សម្យ៉ាង មានកម្ពស់មធ្យមចាប់ពី ៨ – ១៥ម ដើមដុះត្រង់ដូចពួកដើមក្រសាំងដែរ សាច់ឈើមានពណ៌ស សំបកឈើមានពណ៌ត្នោត មានស្នាម ប្រេះដូចសង្វា មែកមានបន្លាដុះពាស ! ដើមពេលកាត់ប្រើការថ្មីៗ មានពណ៌ស ហើយប្រែទៅជាពណ៌លឿងស្លេក បើទុកចោលយូរ វានឹងប្រែជាពណ៌ត្នោត និងលឿងស្រាល ! ដើមក្រចេះ​អាច​រក​បាន​តាម​ព្រៃ​ចម្រុះ​ទូទៅ តាមតំបន់ភ្នំ​ រួមទាំងតំបន់ព្រៃល្បោះ នៅរយៈកម្ពស់ប្រហែល ១០០ – ៤០០ម៉ែត្រ ពីលើនេវ៉ូទឹកសមុទ្រ បន្តពូជដោយគ្រាប់ ឬកាត់ជា ឬសដាំ !

ឧបតិដ្ឋាន ៖ ប្រទេសភូមា ប៉ាគីស្ថាន ស្រីលង្កា ឥណ្ឌា បង់ក្លាដែស ខេត្តយូណាន នៃប្រទេសចិន លាវ កម្ពុជា វៀតណាម​ នៅប្រទេសថៃ មាននៅភាគខាងជើង និងនិរតី !​

ស្លឹកក្រចេះមានទងតែមួយ មានស្លឹកតូចៗប្រហែល ៤-១៣ ស្លឹក ដុះតម្រៀបឆ្លាស់គ្នាដូចចុងលំពែង ឬ ត្រីសូរ្យ គែមស្លឹកមានរាងជាគន្លាក់តិចៗ ស្លឹកមានទទឹងប្រហែល ១.៥-៣ស.ម និងបណ្តោយ ២-៧ស.ម ! ផ្ការីក មើលទៅដូចជាស្លាបកង្ហាចេញទាំងសងខាង ហើយជាប់គ្នារវាងស្លឹកគូ ផ្កាក្រចេះរីកជាភួងផ្កា !​ ផ្កាក្រចេះច្រើនដុះផ្តុំគ្នាជាចង្កោមនៅក្រោមគល់ ឬមែកតូចៗ ផ្កាមានរោមខ្លី ទន់ៗ និងមានពណ៌ស ឬពណ៌លឿង ផ្កាមាន ៤ ផ្កា ហើយនៅពេលចេញផ្កា ពួកវានឹងរីក ហើយ បត់ចូលគ្នាបន្តិចទៅរកដើមរបស់វា !​

បុប្ផកាល ៖ ផ្ការីកពី ខែមីនា ដល់ ខែឧសភា

ផ្លែក្រចេះ មានរាងមូល និងមានអង្កត់ផ្ចិតគឺប្រហែល ០.៥-១ សង់ទីម៉ែត្រ នៅពេលខ្ចីផ្លែមានពណ៌បៃតង ប៉ុន្តែ​ពេល​ចាស់ វា​នឹង​ប្រែ​ពណ៌​ទៅជាស្វាយ​ងងឹត មានគ្រាប់ប្រហែល
១​- ៤ នៅក្នុងមួយផ្លែ ! គ្រាប់មានពណ៌ត្នោតខ្ចី និងពណ៌ទឹកក្រូច ផ្លែទុំចាប់ពី ខែឧសភា ដល់ ខែតុលា !​

អត្ថប្រយោជន៍ ៖

+ ផ្លែមានរស់ជាតិ ជូរចត់ ប្រើជាថ្នាំប៉ូវកំលាំង សម្រាប់រាងកាយ (ផ្លែទុំ)
+ ជួយ​បំបាត់ស្រ្តេស និងធ្វើឲ្យ​អារម្មណ៍​ស្រស់ស្រាយ (សំបកឈើ)
+ ជួយបង្កើនចំណង់អាហារ (ផ្លែទុំ , សំបក​)
+ ខ្លឹមក្រចេះប្រើត្រាំជាមួយ​ស្រាស ហើយ​បរិភោគ​ជា​ថ្នាំ​ប៉ូវ​ឈាម ព្យាបាលឈាមសសុីឈាមក្រហម និង ជំងឺលើសឈាម (ស្នូល)
+ ស្លឹក ប្រើផ្សំជាមួយរុក្ខជាតិឱសថដ៏ទៃទៀត ស្ងោរ និងបរិភោគដើម្បីព្យាបាលជំងឺឆ្កួតជ្រូក ប៉ុន្តែសៀវភៅក្បួនឱសថបុរាណផ្សេងទៀតមិនបានបញ្ជាក់ថា ត្រូវតែលាយជាមួយនឹងរុក្ខជាតិឱសថដ៏ទៃឡើយ (ស្លឹក​)
+ ជួយព្យាបាលគ្រុនក្តៅ ជាថ្នាំបញ្ចុះកម្តៅ (ផ្លែ ផ្លែទុំ សំបក ឫស)

+ ជួយបញ្ចុះកំដៅក្នុងខ្លួន ដោយ​យក​ដើម​មក​ស្ងោរ​ជាមួយ​ទឹក​ផឹក​ជា​ថ្នាំ​កន្លះ​កែវ​៣​ដង​ក្នុង​មួយ​ថ្ងៃ (ដើម)
+ ជំនួយក្នុងការពន្យាកំណើត (ស្លឹក)
+ ដើម​នេះ​ស្ងោរ​នឹង​ទឹក ហើយ​ផឹកកន្លះ​កែវ​៣​ដង​ក្នុង​មួយ​ថ្ងៃ ព្រឹក ថ្ងៃ​ត្រង់ និង​ល្ងាច ដើម្បី​បំបាត់​ការ​ឈឺ​ចុក​ចាប់​តាម​សន្លាក់ (ដើម)
+ ជួយបំបាត់ការឈឺសន្លាក់ ឈឺឆ្អឹង (ស្លឹក)
– ផ្លែស្ងួត ៖ ព្យាបាល​ពិស គ្រុន អាហារមិនរលាយ តឹងពោះ ច្រាលពោះ បំប៉នរាងកាយ
– សាច់ឈើ ៖ ព្យាបាល​គ្រុន ស្គមរីងរៃ ពិសក្តៅ
– ឬស ៖ រោគពោះវៀន ឈឺពោះបរិវេណពោះវៀនធំ បន្ទន់លាមក ចេញញើស
ស្ងួតប្រើពី ១០ – ២០ក្រាម ដាំជាមួយទឹកផឹកក្នុងមួយថ្ងៃ !​

នៅប្រទេសភូមា ដើមក្រចេះត្រូវបានគេយកទៅធ្វើជាម្សៅសម្រាប់លាប មុខ និងខ្លួន ដោយគេជឿរថាវាអាចជួយអោយមានស្បែក​ស ម៉ត់រលោង តាមបែបធម្មជាតិ ! ប្រជាជនភូមាហៅម្សៅនេះថា តាណាកា ( Thanaka ) ដែលវាជាគ្រឿងក្រអូបប្រពៃណីបែ​បបុរាណ មានតាំងពីយូរលង់ណាស់មកហើយ ដូចខ្មែរ និង សៀមដែរ ! នៅភូមា យើងអាចឃើញគេលក់ក្រចេះ ជាម្សៅផង និង ជាដើមផង ចំនែកនៅស្រុកសៀម មានលក់ជាម្សៅភាគច្រើន ហើយជនជាតិសៀម ក៏ហៅម្សៅនេះថា ក្រចេះចន្ទន៍​( กระแจะจันทร์ ) !

ឯកសារសៀម ៖

ក្រចេះចន្ទន៍ ជាគ្រឿងក្រអូបសៀមសម័យដើម ដែលជាគំរូដើមដំបូងក្នុងសម័យដែលមិនទាន់មានគំនិតធ្វើគ្រឿងក្រអូបសៀមច្រើនប្រភេទនៅឡើយទេ ដែលវាអាចមានអាយុកាលតាំងពីសម័យសុខោទ័យ រហូតដល់សម័យអយុធ្យា ! ក្រចេះ ជាគ្រឿងក្រអូបថៃបុរាណនៅសម័យដើម ពាក្យក្រចេះ មានន័យថារាវក្រាស់ ! យោងទៅតាមផ្នែកភូតគាមសាស្ត្រ ដើម ក្រចេះចន្ទន៍​ ជាឈ្មោះក្នុងអំបូរឈើក្រអូប Sandalwood មានគ្រួសារជាច្រើនប្រភេទ រុក្ខសាស្ត្រចាត់ថ្នាក់រុក្ខជាតិនៃគ្រួសារ Sandalwood ជាក្រុមជាច្រើន ! ពិតណាស់ឈើក្រអូបមានច្រើនប្រភេទណាស់ មនុស្សសម័យមុនច្រើននិយមហៅពួកឈើមានក្លិនក្រអូបនេះ ដោយភ្ជាប់ពាក្យថា ចន្ទន៍ ឧទាហរណ៍ ក្រចេះចួងចន្ទន៍ ឬ ក្រចេះចន្ទន៍ នេះឯង ដោយសារតែវាមានក្លិនក្រអូបដូចឈើ ចន្ទន៍​ក្រស្នាដែរ !
ក្រចេះ​មាន​គុណ​សម្បត្តិ​ក្នុង​ការ​ថែរក្សា​ស្បែក ជួយ​ឱ្យ​ស្បែក​ស​ភ្លឺ​រលោង មានក្លិនក្រអូបដែលនៅជាប់ខ្លួនបានយូរ មិនថាយើងចេញទៅណាមកណាទេ ក្លិននៃក្រចេះ
ចន្ទន៍ដែលបានលាបលើខ្លួននោះក៏ក្រអូបរសាត់គ្រប់ទីកន្លែង !​

ឯកសារខ្មែរ ៖

នៅក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជជួនណាត លោកបាន និយាយខ្លះៗដែរអំពី ម្សៅក្រចេះនេះ តែលោកពុំបានលំអិតអោយច្បាស់ទេ ដូច្នេះហើយទើបយើងពិបាកនិងរកពត៌មានលំអិតណាស់ ! តែតាមការស្រាវជ្រាវរបស់ខ្ញុំ ម្សៅក្រចេះនេះ ក៏មាននិយាយនៅក្នុង រឿងនិទានជាតក រឿង មហាវេស្សន្តរជាតកដែរ ត្រង់ កណ្ឌទី ១៣ ដែលមានខ្លឹមសារដូចខាងក្រោម ៖

( ភោ សារីបុត្ត ហៃធម្មសេនាបតីស្រីសារីបុត្រ កាលនោះ
ព្រះបាទស្រីវេស្សន្តរពោធិសត្វ ខត្តិយាធិបតីស្រីសុរិយោវង្សអង្គនារាយណ៍នរបតីស្រីសម្មតិទេព មហារាជក្សត្រថ្លៃប្រសើរនោះ លុះព្រះអង្គជម្រះព្រះកេសាស្រេច ស្ដេចទ្រង់នូវទឹកអប់ត្រឡប់នីទៅនូវ ក្រចេះចួងច័ន្ទន៍ លំពាន់ក្រស្នា គូរាជេន ឈ្មុសទេសវិសេស សឹងដ៏ល្វែង អប់ត្រឡប់នីទៅនូវគន្ធពិដោរ ស្ដេចប្រាសលះលែងនូវគ្រឿងប្រដាប់
សម្រាប់អ្នកបួសនោះហើយ ទ្រង់ក៏កាន់យកនូវស្វេតច្ឆ័ត្រ ជាស្តេចប្រកបនូវយសបរិវារជាអធិកពន្លឹកមហិមាក្រៃពេកហោង ។ )

តាមពិតទៅប្រហែល កាលសម័យមុន នៅត្រង់ម្តុំខេត្តក្រចេះអាចមានការជួយដូរម្សៅក្រចេះនេះច្រើន ឬ ក៏មានការកាប់ឈើក្រចេះលក់ ទើបគេហៅ ខេត្តក្រចេះមកដល់សព្វថ្ងៃ !

បើ​តាម​ឯកសារ​មួយ​ទៀតបាន​បង្ហាញ​ថា «​ខេត្តក្រចេះ​» ជា​ដែនដី​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​កម្ពុជរដ្ឋ​នៃ​យើង តាំងពី​សម័យ​ចេ​ន​ឡា​មក​ម្ល៉េះ ដោយហេតុ​ថា «​ស្រុក​សំបូរ​» ដែល​ស្ថិត​នៅ​តាម​ដង​ទន្លេមេគង្គ​គឺជា​អតីត​រាជធានី​នៃ «​ចេ​ន​ឡា​ទឹក​លិច​» មានឈ្មោះ​ថា «​ក្រុង​ស​ម្ភុ​បុ​រៈ​» ! តាម​ពាក្យ​របស់​ព្រឹទ្ធាចារ្យ​នៅ​តំបន់​នោះ ក៏​ដូច​ជា​តាម​ឯកសារ​មួយ​ចំនួន​បាន​បង្ហាញ ថា​«​ក្រចេះ​»​គឺជា​ពាក្យ​ក្លាយ​ពី​ភាសា​បារាំង​ថា GATILLE (​ហ្គា​ទី​ឡេ​) ដោយ​អ្នកបកប្រែ​ឱ្យ​អាជ្ញាធរ​បារាំង​ពេល​នោះ​និយាយ​ពុំ​ត្រូវ​តាម​ភាសា​បារាំង​នាំ​ឱ្យ​ពាក្យ GATILLE(​ហ្គា​ទី​ឡេ​) នោះ ក៏​ក្លាយជា​ពាក្យ​«​ក្រចេះ​» ។
ឯកសារ​ប្រវត្តិសាស្ត្រ​នោះ​បញ្ជាក់​ថា ដោយ​មានការ​បះបោរ​ប្រឆាំង​នៃ​ជនជាតិ​ព្នង ចំពោះ​បារាំង​នា​សម័យ​នោះ ពួក​បារាំង​បាន​ចាត់​កងកម្លាំង​បញ្ជូន​ទ័ព និង​ចាត់​លោក GATILLE ឱ្យ​ផ្គត់ផ្គង់​សម្ភារ​សឹក​ភ័ស្តុភារ និង​បោះទីតាំង​មូលដ្ឋានទ័ព​នៅ​ចំ​ក្រុង​ក្រចេះ​សព្វ​ថ្ងៃនេះ ។ មូលដ្ឋានទ័ព​នោះ​គេ​ឱ្យឈ្មោះ​ថា CAMP LOGISTIQUE DE GATILLE មាន​ន័យ​ជា​ខេមរភាសា​ថា ជំរំ GATILLE ។ ដូច្នេះ​ហើយ ទើប​មាន​អ្នកខ្លះ​យល់​ថា​ពាក្យ​ក្រចេះ​នេះ​យក​តាម​ឈ្មោះ​មេទ័ព​បារាំង GATILLE នេះ ! តែទោះជាយ៉ាណា ក៏វាពុំអាចជារឿងសមហេតុផលដែលថាខេត្តក្រចេះជាឈ្មោះហៅច្រឡំពីបារាំងដែរ !

វចនានុក្រម​ខែ្ម​រ​របស់​ស​មេ្ត​ច​ព្រះ​សង្ឃរាជ ជួន ណាត ភាគ​ទី​១​និង​ភាគ​ទី​២ ត្រង់​ទំព័រ ៩៣០​បោះពុម្ព​ឆ្នាំ​១៩៦៧ សរសេរ​ថា «​ក្រចេ» (​ន​) (​ពាក្យ​ជនជាតិ​ស្ទៀង​) ក្របី កំពង់​ក្រចេ កំពង់ចម្លង​ក្របី ក្លា​យមក​ជា​ពាក្យ​ក្រចេះ ! ដូច​គ្នា​នេះ​តាម​ការ​រៀបរាប់​របស់​ចាស់ទុំ​រស់នៅ ក្នុង​តំបន់​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​សម័យ​ដើម​ខេត្តក្រចេះ​មាន​ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​រស់នៅ !​ មានការ​ទាក់ទង​ពាណិជ្ជកម្ម ផ្សេង​ៗ​នៅ​ភូមិភាគ​ឦសាន​ទាំងមូល​តាម​ច្រក «​កំពង់ចម្លង​ក្របី​» របស់​ជនជាតិ​ស្ទៀង​ឆ្លង​ពី​ក្រចេះ​ទៅ​តំបន់​ខាងលើ និង​ក្រចេះ​មក​តំបន់ ខាងក្រោម ហើយ​តែងតែ​មក​ផ្លាស់​ប្តូរ​ទំនិញ​ទៅ​វិញ​ទៅ​មក​នៅ​កំពង់ចម្លង​នេះ !​ ផែ្អ​ក​ទៅ​តាម​ឯកសារយោង​របស់​លោក​ជួប ឃាន ស្តី​ពី​ដើម​កំណើត និង​ប្រ​វ​តិ្ត​នាម​ខេត្តក្រចេះ​ចុះ​ថៃ្ង​ទី​១៨ មេ​សា​២០០១ បញ្ជាក់​ថា សម័យកាល​ក្រុង​ស​ម្ភុ​បុ​រៈ (​ស្តេច​លាវ​) តែងតែ​នាំ​សួយ​សារ ផ្សេង​ៗ មក​ថ្វាយ​សេ្ត​ច​ខែ្ម​រ​តាម​រយៈ​កំពង់ចម្លង​នេះ​ដែរ !​ នេះ​ជា​ប្រវត្តិ ខ្លះ​ៗ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ខេត្តក្រចេះ ! សរុបសេចក្តីមក ខ្ញុំមានគំនិតថាប្រហែលជាសម័យនោះ នៅម្តុំត្រង់កំពង់ក្រចេះនេះមានការជួញដូរនូវ ម្សៅ ឬ ឈើក្រចេះនេះច្រើនទើបមានការហៅតៗគ្នារហូតមកដល់សព្វថ្ងៃ ដូចពាក្យ ចេនឡា ជាភាសាចិន ដែលប្រែមកខ្មែរ ហៅថា ក្រមួនសុទ្ធ​ព្រោះនៅសម័យនោះខ្មែរយើងរកសុីយកក្រមួនឃ្មុំលក់អោយជនជាតិចិន ទើបបាន ជនជាតិចិនហៅខ្មែរសម័យនោះថា ចេនឡា !​

តាមពិតទៅ​បើតាមខ្ញុំបានសិក្សាលម្អិត ម្សៅក្រចេះចួងចន្ទន៍នេះ ជារបស់ត្រកូលអភិយវង្សបែន ដែលជាចៅហ្វាយខេត្តបាត់ដំបងនាសម័យមុន ព្រោះសព្វថ្ងៃចៅស្រីបង្កើតរបស់ កថាថនឈុំ មានឈ្មោះថា ប៉ាក់ប៊ុនថាន ស៊ុមស្រីកែវ បានយករូបមន្តធ្វើម្សៅក្រចេះចន្ទន៍នេះមកផលិតសាឡើងវិញនៅឯស្រុកសៀម ! ដូច្នេះហើយយើងអាចសន្មត់យ៉ាងជាក់លាក់ហើយថា ម្សៅក្រចេះចួងចន្ទន៍នេះពិតជាមានវត្តមានប្រើប្រាស់នៅស្រុកខ្មែរសម័យមុនមែន គ្រាន់តែយើងពុំទាន់អាចកំណត់ពីសម័យកាលអោយបានច្បាស់លាស់ !

លោកយាយ ប៉ាក់ប៊ុនថន​ស៊ុមស្រីកេវ​បានមាន
ប្រសាសន៍​ថា ក្រចេះ​ជា​ឱសថ​មាន​គុណ​សម្បត្តិ​ខ្ពស់​ណាស់ វាអាចព្យាបាលជំងឺ ជាច្រើនប្រភេទ និងជាគ្រឿងផ្សំនៅក្នុងរូបមន្តឱសថជាច្រើន ធ្វើ​ឲ្យ​គ្រូ​ឱសថបុរាណ​ភូមិ​ភាគ​កណ្តាល​នៃប្រទេសសៀមហៅ​ក្រចេះថា “ផាយ៉ា” លោកយាយបានបន្តទៀតថា ផាយ៉ា (ក្រចេះ) ជា​ឱសថ​ល្អ​បំផុត​លើសឱសថបុរាណគ្រប់​ប្រភេទ គេនិយមយកដើម ឬ ឬសមកផ្សំជាថ្នាំ ដែលប្រើសម្រាប់ពន្លត់ជាតិពុលក្នុង និងក្រៅរាងកាយ បំបាត់រោគសញ្ញាស្រៀវស្រាវ ជាមួយនឹង រោគសញ្ញាធ្ងន់ធ្ងរដូចជាជំងឺឆ្កួតជ្រូក

ក្អួតធ្ងន់ធ្ងរ ហើយគាត់បាននិយាយថា វាជាថ្នាំប្រើតវង់ត្រកូលគាត់តាំងពីយូរយាណាស់មកហើយ !

របៀបធ្វើ​ ក្រចេះចួងចន្ទន៍ តាមក្បួនត្រកូលអភិយវង្ស ៖

+ ធូបក្រអូប

១. យកស្លឹកពោល្យំ ស្លឹកគ មកហាលថ្ងៃឱ្យស្ងួត រួច​យក​មក​កិន​ចូល​គ្នា​ឱម៉ត់ក្នុង​បរិមាណ​ស្មើគ្នា ហើយប្រសិនបើអ្នកចង់បានគ្រឿងក្រអូបបន្ថែមទៀត អ្នកអាចបន្ថែម ក្រូចសើច រមៀត ឬបន្ថែមគ្រឿងក្រអូបផ្សេងៗទៀតតាមចូលចិត្តក៏បាន

២. យក​ឬស្សី​ដែល​ពុះរួចសម្រាប់​ធ្វើ​ធូប ជ្រលក់​ក្នុង​ជ័រ​រួច​រមៀល​លើ​ម្សៅ​ធូប​ដែល​បាន​រៀបចំ​ក្នុង​ចំណុច​ទី​១ ការ​រំកិល​ធូប​អាស្រ័យ​លើ​តម្រូវការ​របស់​អ្នក​ធ្វើ​ធូប​ថា​ធូប​ក្រាស់​និង​ស្តើង​ប៉ុនណា ប្រសិនបើ​អ្នក​ចង់​ឱ្យ​ធូប​ក្រាស់​ខ្លាំង អ្នក​អាច​រំកិលឱបាន​ច្រើន​ដង បន្ទាប់មក​ធូប​ត្រូវ​ហាល​ថ្ងៃ​ឱ្យ​ស្ងួត​សិនទើបប្រើបាន !​

+ ប្រេងក្រចេះចន្ទន៍

គ្រឿងផ្សំ ៖ ប្រេងក្រអូប ខ្លឹមចន្ទន៍ក្រស្នា​
ម្សៅក្រចេះ ម្សៅដីស
១. យក ប្រេងក្រអូប​ ខ្លឹមចន្ទន៍ក្រស្នា​ ច្របល់ចូលគ្នាក្នុងម្សៅក្រចេះ និងដីស កូរឱ្យសព្វល្អ បន្ថែមប្រេងក្រអូបល្មមឱ្យរាវ !​

ដើមក្រចេះ ជា​គ្រឿង​ក្រអូប​លំដាប់​ខ្ពស់ ជាមួយម្សៅក្រចេះជាគ្រឿងផ្សំសំខាន់ ការ​ប្រើប្រេង​ក្រចេះចន្ទន៍​ក្នុងពិធីអភិសេក​របស់ព្រះរាជា គឺ​ជា​ការ​ចាំបាច់​ក្នុង​ពិធី​ និង​ពិធី​មង្គលផ្សេងៗទៀត ដូច​ជា​ការ​ឡើង​ផ្ទះ​ជាដើម និងលាបលើថ្ងាស​គូ​ស្វាមីភរិយា​ថ្មី ក្នុង​ពិធី​មង្គលការ​។​ល​។

ប្រភពផ្សេងទៀត ៖​

ដើមក្រចេះ ជាទូទៅគេបានស្គាល់ថាវាជាប្រភេទឈើក្រអូបមួយផងដែរ វាត្រូវបានប្រជាជនភូមាប្រើធ្វើជាគ្រឿងសម្អាងអស់រយៈកាល ២០០០ឆ្នាំមកហើយ !​ គេលាបម្សៅក្រចេះដើម្បីការពារពន្លឺព្រះអាទិត្យ និងលំអសម្រស់ស្ត្រី ហើយជួយអោយស្បែកមានសំណើមផងដែរ !​

+ ការធ្វើម្សៅក្រចេះចួងចន្ទន៍

ម្សៅក្រចេះនេះ​ងាយធ្វើណាស់ ដោយគេគ្រាន់តែយកសំបក​របស់ដើមក្រចេះមក ត្រដុះ​និង​ថ្មដុះ ឬកិនអោយម៉ត់រួចជាការស្រេច ពេលប្រើគេត្រូវយកម្សៅក្រចេះនេះមកលាយជាមួយទឹក ឬ ទឹកឃ្មុំក៏បាន !​

យោងតាមការសិក្សានៅក្នុងម្សៅក្រចេះនេះ​វាមានផ្ទុកនៅសារធាតុ ២​យ៉ាងគឺ ៖ coumarin និង marmesin ដោយនៅក្នុង coumarin វាមានសម្ថត្តភាព ជួយកំចាត់បាក់តេរី និងផ្សិត​លើស្បែក ជួយប្រឆាំងនិងការរលាកស្បែក និងមានសារធាតុប្រឆាំងអុកស៊ីតកម្ម ផងដែរ ! ដែលវាជា ឱសថដ៏ល្អក្នុងការព្យាបាលការកើតមុននៅលើស្បែក និងជួយអោយស្បែកមានសុខភាពល្អ ជួយការពារស្បែកពីពន្លឺព្រះអាទិត្យ !​

ប្រភពឯកសារយោង ៖​

– វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត
– វចនានុក្រម បារាំង-ខ្មែរ ឆ្នាំ ១៩៦៦
– មហាវេស្សន្តរជាតក
– រុក្ខជាតិឱសថ​នៅកម្ពុជា​
– http://www.yosothor.org/publications/khmer-renaissance/chapter-six/kro-jes.html
– www.botanicalformulations.com
– www.bangkokbiznews.com/social/582906
– https://medthai.com
– https://commons.m.wikimedia.org

អត្ថបទរក្សាសិទ្ធដោយ ៖ ជីវៈចម្រុះនៃប្រទេសកម្ពុជា