Monday, May 20, 2024
spot_imgspot_imgspot_imgspot_img
Home Blog

ប្រជាពលរដ្ឋរស់នៅក្នុងក្រុងច្បារមន ធ្វើការសំណូមពរដល់ អាជ្ញាធរនិងជំនាញ ពិសេសក្រុមហ៊ុនទឹកស្អាតក្នុងខេត្តកំពង់ស្ពឺជួយពិនិត្យទឹកល្អក់ផង

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ និងភូមិមុខខេត្ត សង្កាត់រកាធំ ក្នុងក្រុងច្បារមនទាំងមូលធ្វើការ ស្នើសុំដល់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញជួយពិនិត្យមើលក្រុមហ៊ុនទឹកស្អាតនៅក្រុងច្បារមនផង ដោយសារតែ បើកមកទឹកល្អក់វល់។

បើតាមប្រជាពលរដ្ឋរស់នៅក្នុងភូមិមុខខេត្ត សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ទឹកមានសភាពល្អក់ កខ្វក់នេះតាំងពីយប់ថ្ងៃទី១៩ ខែឧសភា រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ នៅតែល្អក់កខ្វក់ដដែលពេលដែលគាត់បើកទឹកប្រើប្រាស់។ ដោយមើលឃើញពីសភាពទឹកល្អក់ កខ្វក់នេះ ពួកគាត់មានការងឿងឆ្ងល់ហេតុអ្វីបានជាទឹកស្អាត ប្រែក្លាយជាល្អក់កខ្វក់បែបនេះទៅវិញ។ ពួកគាត់មិនស្តាយលុយនោះទេក្នុងការចំណាយប្រចាំខែទៅឱ្យក្រុមហ៊ុនទឹកស្អាតខេត្តកំពង់ស្ពឺ របស់លោកឧកញ៉ា អ៊ុន យុទ្ធី ដែលម្ចាស់ក្រុមហ៊ុនទឹកស្អាតនោះ។ ប៉ុន្តែស្រាប់តែរយៈពេល២ថ្ងៃនេះ ទឹកល្អក់កខ្វក់ពិបាកក្នុងការប្រើប្រាស់ទឹក ដាំបាយធ្វើម្ហូប ពួកគាត់ជាប្រជាពលរដ្ឋ មិនហ៊ានប្រើប្រាស់ទឹកល្អក់កខ្វក់នោះទេ ខ្លាចប៉ះពាល់ដល់សុខភាព។

ពួកគាត់ជាប្រជាពលរដ្ឋធ្វើការសំណូមពរដល់ថ្នាក់ដឹកនាំ និងជំនាញពាក់ព័ន្ធមេត្តាជួយពិនិត្យក្រុមហ៊ុនទឹកស្អាត ហេតុអ្វីបានជាប្រែក្លាយទៅជាទឹកល្អក់កខ្វក់ប្រើមិនកើតទៅវិញ?៕

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផលក្នុងវត្តសុខារាម ក្រុងឧដុង្គម៉ែជ័យ ចំណាយថវិកាសាងសង់ប្រមាណ៥០ម៉ឺនដុល្លារ

ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធនានាក្នុងវត្តសុខារាម ស្ថិតក្នុងភូមិបាត់ដឹង សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា សមិទ្ធផលដែលត្រូវដាក់ឲ្យសម្ពោធនៅថ្ងៃនេះ រួមមាន សាលាបុណ្យ ក្លោងទ្វារ បន្ទប់ទឹក ជួសជុលដំបូលព្រះវិហារ និងកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងបរិវេណវត្ត ដែលបានចំណាយថវិកាសរុបប្រមាណ៥០ម៉ឺនដុល្លារ។

សមិទ្ធផលទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់ព្រះគ្រូចៅអធិការ ព្រះថេរានុថេរៈ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនក្នុង និងក្រៅប្រទេសដែលបានគៀរគរថវិកាដើម្បីកសាងសំណង់បូជនីយដ្ឋានទុកជាទីសក្ការៈ និងសម្រាប់ប្រើប្រាស់ជាឧត្តមប្រយោជន៍សម្រាប់វិស័យព្រះពុទ្ធសាសនាក្នុងខេត្ត។

មានមតិសំណេះសំណាលក្នុងពិធីនោះ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី សូមចូលរួមអបអរសាទរ ជាមួយព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយលោកតា អ៊ុំពូមីង បងប្អូន នូវសមិទ្ធផលថ្មីដែលជាការរួបរួមសាមគ្គីពីប្រជាពុទ្ធបរិស័ទក្នុង និងក្រៅប្រទេសបានកសាងទុកជាឧត្តមប្រយោជន៍សម្រាប់ការប្រណិបតន៍ព្រះពុទ្ធសាសនាក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ លោកក៏បានរំឭកនូវអនុស្សាវរីយ៍ល្អៗជាច្រើនដែលលោកធ្លាប់បានមកធ្វើការក្នុងនាមជាក្រុមការងារគណបក្សចុះជួយស្រុកឧដុង្គ និងខេត្តកំពង់ស្ពឺ ជាពិសេសការទទួលបានការស្វាគមន៍ ញញឹមរាក់ទាក់ និងស្រលាញ់រាប់អានយ៉ាងស្និទស្នាលបំផុតពីសំណាក់ក្រុមការងារមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តដែលបានចាត់ទុកលោកជាកូនក្មួយ និងប្អូន។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងផងដែរថា កត្តាសុខសន្តិភាពបាននាំមកនូវការអភិវឌ្ឍ និងឱកាសជាច្រើនដល់បងប្អូនប្រជាពលរដ្ឋ។

និយាយដោយឡែក សម្រាប់ខេត្តកំពង់ស្ពឺរបស់យើង សន្តិភាពបានប្រែមុខមាត់ខេត្តពីតំបន់ជម្លោះប្រដាប់អាវុធ មកជាតំបន់ប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម។

ជាចុងក្រោយ ឯកឧត្តមបានថ្លែងអំណរគុណសារជាថ្មីម្តងទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីដែលបានរួបរួមគ្នាជាធ្លុងមួយ ក្នុងការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងហេដ្ឋរចនាសម្ព័ន្ធដ៏មានសារៈសំខាន់សម្រាប់ជាតិក្នុងការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យ។

សូមបញ្ជាក់ថា វត្តសុខារាម ត្រូវបានកសាងឡើងលើកដំបូងក្នុងទសវត្សរ៍ទី៦០ និងត្រូវបានសម្តេចព្រះសង្ឃរាជ ជួន ណាត ប្រទាននាមថា វត្តសុខារាម។ ក្នុងរបបប្រល័យពូជសាសន៍ ខ្មែរក្រហម វត្តត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង។ ដោយសារការរួបរួមសាមគ្គីពីព្រះគ្រូចៅអធិការ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមកសាងវត្តជាបន្តបន្ទាប់ រហូតមានហេដ្ឋរចនាសម្ព័ន្ធ សំណង់បូជនីយដ្ឋាននានាបានកើតឡើងជាច្រើនប្រកបដោយសោភ័ណភាពល្អប្រពៃ៕

ថៅកែ ធឺន កំពុងរត់រកកិច្ចអន្តរាគមន៍ ក្រោយពីសារព៍ត៌មានជាច្រើនផ្សព្វផ្សាយរឿងចំណាយលុយ១លានរៀលដឹកឈើដោយរលូន

ខេត្តកំពង់ស្ពឺ៖ ក្រោយពីសារព័ត៌មានជាច្រើនអង្គភាពបានធ្វើការផ្សព្វផ្សាយរឿងថៅកែ ធឺន ចំណាយយលុយ១លានរៀលក្នុងការរត់ផ្លូវដើម្បីរកសុីដឹកឈើចេញពីស្រុកឱរ៉ាល់ ឆ្លងកាត់ស្រុកថ្ពងបានដោយរលូន ហើយយកឈើទៅលក់បន្តនោះ ពេលនេះថៅកែ ដ៏ល្បីឈ្មោះរូបនេះកំពុងតែរត់ទៅពឹងពាក់ខ្នងបង្អែកដើម្បីទំលាក់ព័ត៌មានកុំឱ្យផ្សព្វផ្សាយបន្ត ដោយសារតែមាន សមត្ថកិច្ចនិងជំនាញមួយចំនួនស្តីបន្ទោសរឿងមិនចេះធ្វើការងាររកសុី។

បើតាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ក្រោយពីមានសារព័ត៌មានជាច្រើនបានចុះផ្សាយរឿងថៅកែ ធីន ដែលជាអ្នករកសុីដឹកឈើគ្រឿងផ្ទះតាមគោយន្តកន្ត្រៃ បោះពាក្យសម្តីថា ខ្លួនរកសុីបានរលូនរាល់ថ្ងៃនេះ ចំណាយលុយត្រឹមតែ១លានរៀលប៉ុណ្ណោះ អាចរកសុីដឹកឈើបានដោយរលូនមិនខ្លាចញញើត សមត្ថកិច្ច និងជំនាញណានោះឡើយ។

ប្រភពបានបន្តថាក្រោយពីសារព័ត៌មានជាច្រើនអង្គភាពធ្វើការផ្សព្វផ្សាយរឿងថៅកែ ធឺន ចំណាយលុយ១លានរៀលលើសមត្ថកិច្ច និងជំនាញដាក់ប៉ុស្តិនៅលើដងផ្លូវនេះ ស្រាប់តែមានសមត្ថកិច្ច និងជំនាញមួយចំនួនបានប្រតិកម្មទៅលើថៅកែ ធឺន ហើយនិយាយថា លោកមិនចេះធ្វើការងាររកសុីសោះ។ មិនតែប៉ុណ្ណោះថៅកែ ធឺន បានស្វះស្វែងរកកិច្ចអន្តរាគមន៍ពឹងបុគ្គលម្នាក់ដែលមានឥទ្ធិពលនៅក្នុងស្រុកថ្ពង ខលទៅចាងហ្វាងការផ្សាយព័ត៌មាន និងគេហទំព័រមួយចំនួន ដើម្បីទម្លាក់ព័ត៌មានដែលបានផ្សាយរួច និងសូមកុំផ្សាយបន្ត ចាំជួបគ្នាផឹកសុី២ឬ៣កេស ជាការរាប់អាននិងបញ្ចប់រឿង។

បើតាមប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ បានឱ្យដឹងថាថៅកែ ធឺន នេះល្បីឈ្មោះយូរហើយ ខាងរកសុីដឹកជញ្ជូនឈើនេះ ដោយប្រមូលទិញពីប្រជាពលរដ្ឋ ក្នុងភូមិពាធិមាស ស្ពានដែក និងស្រែច្រាប ពេលប្រមូលបានគ្រប់ចំនួនគេកុម្មង់ហើយដឹកតាមគោយន្តកន្ត្រៃពេញប្រៀបចេញពីផ្ទះរបស់ខ្លួន(ថៅកែ ធឺន) នៅក្នុងភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដឹកចេញតាមផ្លូវជាតិលេខ៤៤ ឆ្ពោះទៅទិសខាងកើត ដោយឆ្លងកាត់ស្នាក់ការ និងប៉ុស្តិរបស់សមត្ថកិច្ច ជាច្រើននៅតាមដងផ្លូវ ដល់ស្រុកថ្ពង និងស្រុកឧដុង្គដើម្បីលក់បន្ត។

ប្រជាពលរដ្ឋ ដែលជាអ្នកស្រលាញ់ធនធានធម្មជាតិ ជាពិសេសស្រលាញ់ព្រៃឈើ ធ្វើការសំណូមពរដល់ ប្រធានមន្ទីរកសិកម្មស្តីទី លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងជាពិសេសឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ មេត្តាជួយទប់ស្កាត់ការដឹកជញ្ជូនបទល្មើសព្រៃឈើ ពីសំណាក់ លោកថៅកែ ធឺន ល្បីឈ្មោះនេះផង បើបណ្តែតបណ្តោយតទៅទៀតច្បាស់ជាព្រៃឈើដែលនៅសេសសល់តិចតួចរលាយហិនហោចជាក់ជាមិនខានឡើយ៕

អាជីវករផ្សារសេរីស្រុកស្ទោង សង្ស័យចៅហ្វាយស្រុកនៅពីក្រោយគម្រោងសង់សំណង់មុខផ្សារ ខណៈដីនេះពួក គាត់រៃលុយគ្នាទិញពីអតីតចៅហ្វាយស្រុកនៅឆ្នាំ១៩៩៤

ក្រុមអាជីវករនៅក្នុងផ្សារសេរីស្រុកស្ទោង មានមន្ទិលចំពោះគម្រោងសាងសង់អគារនៅលើដីរួមរបស់ផ្សារដែលពួកគាត់បានទិញកាលពីឆ្នាំ១៩៩៤។ មន្ទិល សង្ស័យអភិបាលស្រុកស្ទោងលោកសាយ គឹមឡម ជាអ្នកនៅពីក្រោយដើម្បីផលប្រយោជន៍នៃចំណែកដីនោះនាពេលអនាគត?

យ៉ាងណាក៏ដោយក្រុមអាជីវករ បដិសេធដាច់អហង្ការចំពោះគម្រោងសង់សំណង់បែបណាមួយ នៅដីមួយកន្លែងដែលពួកគាត់បានរួមគ្នាទិញពីអតីតអភិបាល ស្រុកតាំងពីឆ្នាំ១៩៩៤។ ប៉ុន្តែអាជ្ញាធរឃុំនិងស្រុក ហាក់មានចេតនាចង់ឲ្យដំណើរការនៃការសាងសង់សំណង់នៅលើដីដែលជាចំណតរថយន្តម៉ូតូនោះ ដំណើរការទៅបានដោយរលូន។ សម្រាប់ក្រុមអាជីវករប្រកាសដាច់ណាត់មិនអនុញ្ញាតឲ្យមានការសាងសង់លើដីដែលពួកគាត់បានទិញនោះចិត្តដាច់ខាត។

ក្រុមអាជីវករបាននាំគ្នាផ្តិតមេដៃ ជំទាស់ទៅនឹងគម្រោងសាងសង់សំណង់ផ្សេងៗ និងហាមឃាត់មិនឱ្យមានការសាងសង់សំណង់ ផ្សេងៗនៅបរិវេណខាងមុខផ្សារសេរីស្រុកស្ទោង ដែលស្ថិតនៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំនោះជាដាច់ខាត។ ក៏ប៉ុន្តែបើតាមក្រុមអាជីវករមើលឃើញថា គឺអាជ្ញាធរឃុំនិងស្រុកទំនងជាបានផលប្រយោជន៍ណាមួយ ពិការសាងសង់សំណង់ថ្មីៗនៅលើដីដែលក្រុមអាជីវករបានទិញទុកជាសម្បត្តិរួមនេះ។

ប្រភពឱ្យដឹងថា នាពេលថ្មីៗនេះក្រុមអាជីវករបានទទួលព័ត៌មានមកថា អ្នកគ្រប់គ្រងផ្សារសេរីស្រុកស្ទោង មានគម្រោងសាងសង់សំណង់ផ្សេងៗនៅលើដីបរិវេណមុខផ្សារសេរី ដែលអាជីវករផ្សារបានសម្រប សម្រួលជាមួយលោក ចាប ម៉ិល អតីតអភិបាលស្រុកស្ទោង ដោយមិនអនុញ្ញាតឱ្យសាងសង់សំណង់អ្វីឡើយនៅ ក្នុងបរិវេណមុខផ្សារសេរីស្រុកស្ទោង។

ដូច្នេះដើម្បីជាសក្ខីភាព ពួកគាត់ទាំងអស់គ្នាបានលើក យកខ្លឹមសារដែលមានចែង នៅក្នុងលិខិត ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៩៤ ដែលមានចំណារឯកភាពយល់ព្រមពីលោក ចាប ម៉ិល អតីតអភិបាលស្រុកស្ទោងដូចខាង ក្រោម៖ ១៖ មិនអនុញ្ញាតឱ្យសង់តូបនៅខាងមុខផ្សារសេរីស្រុកស្ទោង ចាប់ពីកែងជ្រុងខាងកើតផ្សាររហូត ដល់ផ្លូវចូលទី១ និងចាប់ពីកែងជ្រុងខាងកើតទៅខាង លិចរហូតដល់ផ្លូវទី៣។ ២៖ ចំពោះតូបដែលធ្វើរួចហើយ ត្រូវរុញឱ្យផុតពីបរិវេណដែលបានកំណត់ខាងលើ ហើយទុកបរិវេណនេះឱ្យ នៅទំនេរគ្មានសង់តូបអ្វីឡើយ។ ៣៖ យើងខ្ញុំតំណាងឱ្យក្រុមអាជីវករទាំង១៦តូប សុំធានាទិញដីទាំងអស់នេះ ទុកឱ្យទំនេរចំនួន២៣ប្លង់ ស្មើ នឹងមាស៤៦ជី ឬ៤តម្លឹង៦ជី ហើយហាមមិនឱ្យអ្នកណាលក់ដីនេះ ឬធ្វើអ្វីបន្តទៅទៀតជាដាច់ខាត។

អាជីវករម្នាក់ទៀតហៅ ទី តូឲ្យដឹងថា ដីខាងមុខផ្សារនេះ មានអាជីវករ១៦នាក់ និង២៣តូប ដែលជាអ្នកតំណាងដែលបានទិញពីចៅហ្វាយស្រុកមុន នៅឆ្នាំ១៩៩៤ ក្នុងតម្លៃ៤តម្លឹង និង៦ជី ទុកជាទីសាធារណៈសម្រាប់ជាចំណតឡាននិងម៉ូតូ។ លោកបន្តថា ស្រាប់តែនៅដើមខែឧសភានេះ គេចាប់ផ្ដើមសាងសង់តិចៗទៅ។ ប៉ុន្តែក្រុមអាជីវករអត់បានដឹងថា គេធ្វើអ្វីនោះទេ ហើយក៏មិនមានប្រតិកម្មអ្វីនោះទេ ទើបនៅថ្ងៃទី៦ខែឧសភានេះ គេចាប់ផ្ដើមហ៊ុំព័ទ្ធរបងស័ង្កសី ហេតុនាំឲ្យអាជីវករចាប់ផ្ដើមប្រតិកម្មហើយនាំគ្នាទៅសាលាឃុំដើម្បីជំទាស់៖ ទី១ ដីនេះ ជាដីរបស់អាជីវករទាំងអស់គ្នា,ទី២ បាំងផ្ទះនិងទី៣ បាំងតូបលក់ដូររបស់អាជីវករនៅជិតៗ។

អាជីវកររូបនេះបន្តថា ខាងអាជ្ញាធរឃុំបានចុះមកផ្អាកការសាងសង់បានរយៈពេល២ថ្ងៃ ហើយក៏ស្រាប់តែបន្តការសាងសង់ទៀត ទើបពួកអាជីវករទាំងអស់នាំគ្នាធ្វើ ពាក្យស្នើសុំជំទាស់ទៅថ្នាក់ស្រុកនិងថ្នាក់ខេត្តនៅថ្ងៃទី៩ ខៅឧសភាឆ្នាំ២០២៤ ដែលមានមេដៃជាង១០០ នាក់ ប៉ុន្តែគេនៅតែបន្តធ្វើ ទើបតំណាងអាជីវករទូរសព្ទទៅចៅហ្វាយស្រុក។ រហូតដល់ថ្ងៃទី១៤ខែឧសភានេះ ខាងសាលាឃុំដាក់លិខិតអញ្ជើញអាជីវករ៥នាក់ ដើម្បីប្រជុំរកដំណោះស្រាយ។ ពេលទៅដល់ ក៏មានចៅហ្វាយ ស្រុកចូលរួម។ ពេលនោះចៅហ្វាយស្រុកក៏លាន់មាត់ថា មេដៃជាង១០០នាក់ ហេតុអ្វីមកគ្នាតិចម៉្លេះ ខណៈពួក គាត់ឆ្ងល់ថា ដាក់លិខិតអញ្ជើញតែ៥នាក់តែប៉ុណ្ណោះ។

លោកស្រី ង៉ូវ ស៊ីមហេង អាជីវករម្នាក់ទៀតបានបញ្ជាក់ ឲ្យដឹងដែរថា គាត់បានមកលក់ដូរនៅផ្សារនេះ ៣០ឆ្នាំមកហើយ ហើយអាជីវករបាននាំគ្នាទិញដីមុខផ្សារនេះតាំងពីឆ្នាំ១៩៩៤ ឥឡូវគេមកហ៊ុំព័ទ្ធ សាងសង់សំណង់រឹងបាំងមុខតូបគាត់ តើឲ្យគាត់លក់ដូរយ៉ាងម៉េចកើត?។ លោកស្រីបន្តថា ពួកគាត់ជាអាជីវករបាននាំគ្នាដាក់ពាក្យជំទាស់ទៅស្រុក,ទៅខេត្តអស់ហើយ ប៉ុន្តែនៅតែមិនមានដំណោះស្រាយឲ្យពួកគាត់នៅឡើយ។ លោកស្រីអះអាងថា ដីខាងមុខផ្សារនេះ ពួកគាត់រៃលុយគ្នាទិញ តាំងពីឆ្នាំ ១៩៩៤ រយះពេល៣០ឆ្នាំហើយ។ លោកស្រី ស៊ីមហេង សំនូមពរកុំឲ្យមានការសាងសង់អ្វីទាំងអស់នៅទីធ្លាខាង មុខផ្សារនេះ ដោយទុកគ្រាន់ដាក់កង់ដាក់ម៉ូតូ ហើយពួក គាត់មិនយកជាកម្មសិទ្ធិនោះទេ។

ក្រុមអាជីវករផ្សារខាងលើនេះរំពឹងថា រដ្ឋបាលខេត្ត កំពង់ធំនឹងយល់ឃើញអំពីបញ្ហានេះ ហើយមិនអនុញ្ញាតឲ្យមានការសង់សំណង់រឹងមាំ នៅលើដីដែលជាចំណតសម្រាប់អតិថិជនចូលផ្សារនោះឡើយ៕






សង្វៀនមាន់នៅស្រុកពេជ្រាដាបន្ថែមថ្ងៃលេង. . សុក្រ, សៅរ៍,អាទិត្យ…អត់ខ្វល់ចំពោះនរណា

នៅវេលាថ្ងៃត្រង់រហូតដល់រសៀលក្រុមអ្នកជល់មាន់នៅស្រុកពេជ្រដាខេត្តមណ្ឌលគិរី និងត្រូវជួបជុំគ្នាតាមកាលកំណត់ ដោយមិនញញើតចំពោះសមត្ថកិច្ចអ្វីឡើយពី ព្រោះថា ដំណើរការល្បែងស៊ីសងជល់មាន់នេះ សូម្បីលោកអភិបាលស្រុកក៏ចូលចិត្តដែរ។ រហូតដល់ម៉ោង ជាង១១ថ្ងៃសុក្រនេះ ក្រុមអ្នកជល់មាន់បានចេញដំណើរទៅរកគោលដៅទីតាំងរបស់ខ្លួនជាបណ្ដើរៗហើយ។ ថ្ងៃ នេះគេរាយការណ៍ថា ការជល់មាន់និងដំណើរការនៅក្នុងចំការម្រេចមួយកន្លែង។ ថ្ងៃស្អែកនឹងត្រូវប្ដូរទៅចំការកៅ ស៊ូវិញ. និងបន្តដល់ថ្ងៃអាទិត្យត្រូវប្ដូរមួយកន្លែងទៀត។

គេរាយការណ៍ថា សង្វៀនមាន់នៅតែចល័តបន្តដំណើរ ការជាធម្មតា តាមចំការ កៅស៊ូ,ចំការម្រេច,ចំការស្វាយ ចន្ទី…របស់ពលរដ្ឋនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្ត មណ្ឌលគិរី ដែលប្រការនេះទាមទារឲ្យលោកឡោ សុខា ស្នងការនគរបាលខេត្ត មណ្ឌលគិរី មើលការដឹកនាំរបស់លោកផ្លង ជំនិត អធិការនគរបាលស្រុកពេជ្រាដានោះផង។ អ្នកភូមិបានឱ្យដឹងថា ក្រៅពីពលរដ្ឋធម្មតា ក៏មានថ្នាក់ដឹកនាំស្រុកជាអ្នកចូលចិត្តលេងល្បែងស៊ីសងជល់ មាន់នេះដែរ។ ក្រុមអ្នកជួលមាន់ទាំងនោះហាក់ដូចជាមិនខ្វល់ចំពោះបញ្ហាប្រឈមផ្លូវច្បាប់ឡើយ។ ពីព្រោះតែថៅកែសង្វៀន ខាងខ្នងបង្អែកជាអាជ្ញាធរ និងសមត្ថកិច្ចស្រុកនេះតែម្ដង។

អ្នកភូមិខ្សិបថា សង្វៀនជល់ចល័តចុះឡើងកំពុងញាំញីអង្រួនជីវភាព រស់នៅប្រជាពលរដ្ឋនៅទីប្រជុំជនប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា ។ អ្នកភូមិថា ល្បែងជល់មាន់នៅក្នុងស្រុកពេជ្រាដា ជាពិសេសនៅទីប្រជុំជនប៊ូស្រា ហាក់ដូចជាគ្មានខ្លាចច្បាប់ទម្លាប់របស់ប្រទេសជាតិនោះឡើយ។ មិនតែប៉ុណ្ណោះអាជ្ញាធរថ្នាក់ស្រុក ត្រូវពលរដ្ឋមើលឃើញថា ជាអ្នកដើមភ្លើងឲ្យមានវង់ល្បែងស៊ីសងនោះទៅវិញ។ លោកអភិបាលស្រុក ក៏ដូចជាអធិការស្រុក..ជិះរថយន្តវិលចុះឡើងនៅទីប្រជុំជនប៊ូស្រា គឺដើម្បីហៅគ្នីគ្នាទៅជល់មាន់ មិនមែនមើលបញ្ហាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនោះទេ ។ លោកអធិការផ្លង ជំនិត ជិះរថយន្តហ្វតពណ៌ស ដើម្បីហៅគ្នីគ្នាទៅលេងមាន់តែប៉ុណ្ណោះ។ ទាំងចៅហ្វាយស្រុក វណ្ណា ម៉ាប់និងអធិការស្រុក ផ្លង ជំនិត..បានប្រយោជន៍ច្រើនពីសង្វៀន ជល់មាន់គឺបានលេងខ្លួនឯងផង និងបានលុយពីម្ចាស់សង្វៀនផង។

ប្រភពខ្សឹបខ្សៀវពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឲ្យដឹងថា លោកវណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា ក៏ជាអ្នក មាននិស្ស័យលើវិស័យបក្សីកីឡានេះដែរ។ ថ្មីៗនេះលោកអភិបាលស្រុកត្រូវគេខ្សឹបតៗគ្នាថា ឈ្នះប្រាក់ពីសង្វៀនជល់មាន់ ប្រមាណ៣លានរៀល គ្រាន់បានផឹកស្រាមួយល្ងាចដែរ។ ដោយសារតែលោកអភិបាលស្រុក ចូលចិត្តយ៉ាងនេះហើយ ទើបបានជាមន្ត្រីផ្សេងទៀតរួម លោកផ្លុង ជំនិតអធិការស្រុកនិងលោកមេប៉ុស្តិ៍នាំគ្នាដង្ហែរ តាម លោកចៅហ្វាយស្រុក។ បើគ្មានការបើកភ្លើងខៀវគប់គិតពីអាជ្ញាធរមានសមត្ថកិច្ច ពោលគឺមន្ត្រីនគរបាលទេនោះ ពួកគេមិនអាចបើកសង្វៀនជល់មាន់និងលេង ល្បែងស៊ី សងគ្រប់ប្រភេទបានតាមអំពើចិត្តដូចសព្វថ្ងៃនេះទេ។ នៅព្រឹកថ្ងៃទី២៤ ខែមីនា គេរាយការណ៍ថា សង្វៀនជល់ មាន់បានចាប់ផ្ដើមនៅម៉ោង៨ ក្នុងចម្ការម្រេច១កន្លែង។

ប្រភពប្រាប់ថា ដើម្បីសុវត្ថិភាពជៀសវាងការបែកធ្លាយរូបភាពផ្សេងៗចេញពីសង្វៀនជល់មាន់ សមត្ថកិច្ចបានស្នើសុំ មិនអនុញ្ញាតឲ្យអ្នកចូល ក្នុងសង្វៀនជល់មាន់យកទូរសព្ទដៃដើម្បីថតរូបភាពទៅជាមួយនោះឡើយ។ គេនិយាយថា គឺដើម្បីសុវត្ថិភាពទាំងអស់គ្នា។ ដូច្នេះមិនអាចមាននរណា ថតរូបភាពលេងជល់មាន់ឬទីតាំងជល់ មាន់នោះបានទេ។ យ៉ាងណាក៏ដោយគេបង្ហើបថា យ៉ាង ហោចណាស់ទីតាំងសម្រាប់ចូលមាន់មាន៣ កន្លែងគឺនៅតាមចំការកៅស៊ូ,ចំការស្វាយចន្ទីនិងចម្ការម្រេច។

មន្ត្រីមានសមត្ថកិច្ច នៅសាលាស្រុកពេជ្រជ្រាដាមួយរូបនិយាយថា បញ្ហាសង្វៀនមាន់ក៏ដូចជាល្បែងស៊ីសងនៅតាមផ្ទះរបស់អ្នកភូមិក្នុងតំបន់ប៊ូស្រា គេទទួលស្គាល់ថាមានការកើនឡើងគួរឲ្យកត់សម្គាល់ មួយរយៈចុងក្រោយ នេះ។ ប្រសិនបើគ្មានការត្រូវរ៉ូវពីអាជ្ញាធរមានសមត្ថកិច្ច ទីនោះទេ ពួកអ្នកលេងល្បែងទាំងនោះ ពិតជាមិនអាចដំណើរការបានដោយងាយស្រួលនិងជាចំហដូចសព្វថ្ងៃនេះឡើយ។ ដូច្នេះប្រជាពលរដ្ឋស្នើសុំ លោកឡោ សុខាស្នងការនគរបាលខេត្តមណ្ឌលគីរីពិនិត្យមើលរបៀបរបបការងារលោកផ្លង ជំនិត អធិការស្រុកពេជ្រាដាដែលទើបឡើងកាន់តំណែងថ្មីនេះផង៕


អនុប្រធានមន្ទីរអប់រំខេត្តព្រះសីហនុ ប្រើសំឡេងឮៗក្នុងកិច្ចប្រជុំធ្វើឲ្យគ្រូបង្រៀនម្នាក់ភ័យតក់ស្លុត ក្លាយជាឈឺមកបង្រៀនមិនកើត

ខេត្តព្រះសីហនុ ៖ រឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលមួយ នៅឯវិទ្យាល័យវាលរេញ ខេត្តព្រះសីហនុចំពោះករណីសិស្សពីរនាក់មិនត្រូវបានអនុញ្ញាតឲ្យប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ និងករណីដែលលោកអនុប្រធានមន្ទីរបើកកិច្ចប្រជុំប្រើសំឡេងឮៗខ្លាំងៗធ្វើឲ្យគ្រូបង្រៀនម្នាក់ភ័យតក់ស្លុតរហូតសុំច្បាប់សម្រាក១រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ។

នៅក្នុងលិខិតមួយច្បាប់របស់លោកគ្រូឡាយ ប៉ូ បង្រៀននៅវិទ្យាល័យវាលរេញ ស្រុកព្រៃនប់ខេត្តព្រះសីហនុបានឲ្យដឹងថា ដោយសារតែបញ្ហាសិស្សពីរនាក់ មិនត្រូវបានអនុញ្ញាតឲ្យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិក៏មានចម្រូងចម្រាស់ រហូតដល់មន្ទីរអប់រំកោះប្រជុំនៅឯ សាលារៀនតែម្ដង។ កិច្ចប្រជុំនៅថ្ងៃទី១៦ ខែឧសភាដឹក នាំដោយ លោកម៉ី សេងលាភ អនុប្រធានមន្ទីរអប់រំ ខេត្តព្រះសីហនុ ប្រើសំឡេងខ្លាំងៗបានធ្វើឲ្យលោកគ្រូឡាយ ប៉ូ ភ័យតក់ស្លុតរហូតមានជំងឺដែលមិនអាចមកបង្រៀនបាននៅរសៀលថ្ងៃទី១៧ ខែឧសភានេះ។

ពាក់ព័ន្ធនឹងករណីសិស្សពីរនាក់ មិនត្រូវបានអនុញ្ញាតឲ្យប្រឡងសញ្ញាបត្របាក់ឌុបនោះ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងពិនិត្យភាពមិនប្រក្រតី នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ដែលបណ្តេញសិស្សមិនអនុញ្ញាតឲ្យប្រឡងបាក់ឌុបនោះហើយ ។ 

អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ តាមប្រព័ន្ធតេឡេក្រាមលោកស្រី ឃួន វិច្ឆិកា បានបញ្ជាក់យ៉ាងដូច្នេះថា៖«ករណីនេះ ក្រសួងអប់រំ យុវជន និងកីឡាបានទទួលព័ត៌មានហើយ និងកំពុងពិនិត្យសិក្សាលម្អិត»។

គូបញ្ជាក់បន្ថែមថា ការបញ្ជាក់យ៉ាងខ្លីរបស់អ្នកនាំពាក្យក្រសួងអប់រំនេះ បន្ទាប់ពីគណនេយ្យហ្វេសប៊ុនឈ្មោះ ឡាយ ប៉ូ អះអាងជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន វាលវេញយ៉ាងដូច្នេះថា «បំរើការជាគ្រូបង្រៀននៅវិទ្យាល័យហ៊ុន សែន វាលរេញ នេះ២០ឆ្នាំ ខ្ញុំជួបរឿងប្លែកៗ ។ ឆ្នាំទី២១នេះ ប្លែកខ្លាំងតែម្ដង គឺមានសិស្សថ្នាក់ទី១២ចំនួន២រូប ត្រូវបានគេដកបេក្ខភាពមិនឱ្យប្រឡងថ្នាក់ជាតិ តាំងពីមុនចូលឆ្នាំខ្មែរវ៉ាកងតូចទៅទៀតយ៉ាងស្ងាត់ៗគ្មានអ្នកដឹង ។ ករណីនេះ ខ្ញុំទើបតែដឹងព្រឹកមិញ ដោយសារអតីតសិស្សម្នាក់បង្ហើបប្រាប់» ។

លោកគ្រូ ឡាយ ប៉ូ បានសរសេរបញ្ជាក់ថា «តាមខ្ញុំដឹង សិស្សទាំង២នាក់ឈ្មោះ លី ប៊ុនលាង និង ធន់ សាន បានរៀននិងប្រឡងប្រចាំខែ និងឆមាសជាប់ជាបន្ត បន្ទាប់នៅថ្នាក់ទី១០និងទី១១ ហើយឆ្នាំនេះចូលរៀនថ្នាក់ទី១២fជាប់លាប់រហូតដល់ពេលវ៉ាកងតូច ។ ការដកបេក្ខភាពនេះ មិនមែនធម្មតាទេ ឮថា មិនឱ្យគ្នាប្រឡងបាក់ឌុប៣ឆ្នាំឯណោះ ដោយមូលហេតុពួកគេគ្មានសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម)។

ក្រោយដឹងរឿងនេះ ខ្ញុំឆ្ងល់អើយសែនឆ្ងល់ថា ហេតុអីបានជាពួកគាត់អាចចូលរៀនបានដូចគេដូចឯង ដែលជាប់ឌីប្លូមពីរបីឆ្នាំកន្លងទៅនេះនៅថ្នាកទី១០,១១និង១២? ហើយបើជ្រុលជាបែបនេះទៅហើយ ហេតុអីមិនឱ្យគាត់មានឈ្មោះប្រឡងថ្នាក់ជាតិនឹងគេទៅ? អស់លោក មានបានគិតអ្វើល្អជាងនេះទេ?។

ជាមួយគ្នានេះផងដែរ លោកគ្រូបានស្នើឲ្យក្រសួងអប់រំជួយដោះស្រាយករណីផងដែរ ។ លោកគ្រូសរសេរយ៉ាងដូច្នេះថា «ខ្ញុំចង់ឱ្យក្រសួងដោះស្រាយឱ្យពួកគាត់ឱ្យសមរម្យ ដើម្បីឱ្យមានទំនួលខុសត្រូវនឹងមន្ត្រីពាក់ព័ន្ធគឺថា បើដាក់ទោសត្រូវដាក់ឱ្យយុត្តិធម៌ ទាំងមន្ត្រីពាក់ព័ន្ធផង កុំឱ្យពលរដ្ឋចំអកថា ធ្វើការយកតែល្អមើល។ គួរមិនគួរ សុំអភ័យទោសផង ព្រោះខ្ញុំអាណិតសិស្ស» ។

បើតាមលិខិតរបស់លោកគ្រូមួយច្បាប់បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានសុំច្បាប់១រសៀលដោយមូលហេតុថាពេលកិច្ចប្រជុំកន្លងមកនេះ អនុប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុបានគំហក និងសម្លុតលោកផងដែរ ៕

អំណាចលុយប៉ែន ចឹក ចាក់ដីលុបខ្ពបលើដីអត់ប្លង់របស់ខ្លួនក្រោមការជួយជ្រោមជ្រែងរបស់អាជ្ញាធរ

ដីអត់ប្លង់មួយកន្លែងដែលជាប់នឹងមាត់ខ្ពបស្ថិតក្នុងភូមិទី៥ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាមកំពុងដំណើរការចាក់ដីលើផ្ទៃប្រមាណទទឹង 30 ម៉ែត្រនិងបណ្ដោយជាង 50 ម៉ែត្រប្រយោជន៍ដើម្បីទុកចតឡាន។ អញអត់ធរមូលដ្ឋានឃុំ និងស្រុកហាក់ដូចជាមានចេតនាជួយឲ្យដំណើរការ ចាក់ដីលុបខ្ពបនេះបាន សម្រេចតាមផែនការពីព្រោះថា ប៉ុន្មានឆ្នាំកន្លងមកមិនមានទឹកទន្លឺចូលទៅក្នុងតំបន់នោះទៀតទេ។

លោកប៉ែន ចឹក ដែលអះអាងថារស់នៅរាជធានីភ្នំពេញបានចាក់ដីច្រើនឡាន ប្រយោជន៍ដើម្បីទុកចតរថយន្តបញ្ជាក់អំពីភាពស្របច្បាប់នៃការចាក់ដីនោះថាទទួលបានការដឹងឮនិងអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានភូមិ,ឃុំ, ស្រុករួចហើយ។ ប៉ុន្តែ មិនមានលិខិតស្នាមផ្លូវការណា មួយយកមកបង្ហាញ អះអាងឲ្យជឿទុកចិត្តនោះទេ។ រីឯអាជ្ញាធរមូលដ្ឋានឃុំរុញ ពីមួយទៅមួយដោយរង់ចាំឲ្យថ្នាក់ក្រោមចុះទៅមើលបន្ថែមទៀត។ អភិបាលស្រុកក៏ហាក់ដូចជាមិនដឹងមិនឮ ចំពោះករណីដែលបានកើត ឡើងនេះដែរដោយសំអាងថាជាប់រវល់។

លោកប៉ិញ សុខឃាង មេឃុំព្រែកតានង់ស្រុកកោះសូទិនបានអះអាងតាមទូរសព្ទថា លោកបានឲ្យជំទប់ ចុះទៅមើលនៅទីនោះហើយ ។ ប៉ុន្តែមិនប្រាកដអំពីបញ្ហាច្បាប់ ទម្លាប់នោះទេ ពីព្រោះខ្លាចក្រែងគេដាក់តាមច្រកចេញ- ចូលតែមួយ។ យ៉ាងណាក៏ដោយលោកមេឃុំបញ្ជាក់ថានឹងបញ្ជូន ឲ្យមន្ត្រីនៅក្នុងសាលាឃុំចុះទៅពិនិត្យមើលម្ដងទៀត ។

ជាមួយគ្នានេះដែរ លោក យី វណ្ណៈ អភិបាលស្រុកកោះ សូទិន ក៏មិនបានដឹងអំពីបញ្ហាដែលបាននិងកំពុងកើត ឡើងនៅក្នុងមូលដ្ឋានភូមិទី៥ឃុំព្រែកតានង់នោះដែរ។ លោកអភិបាលស្រុកថា កំពុងជាប់រវល់ប្រជុំ ដូច្នេះមិនអាចរំលឹកសាច់រឿងឲ្យបានដឹងជ្រៅជ្រះនោះទេ។

ប្រជាពលរដ្ឋរិះគន់អាជ្ញាធរមូលដ្ឋានថា បណ្ដោយឲ្យឈ្មួញមានលុយចាក់ដីប៉ុនប៉ងរំលោភលើដីសាធារណៈរបស់រដ្ឋ។ គេមើលឃើញថានេះជាគំរូអាក្រក់មួយដែលអាជ្ញាធរ មិនគួរមិនដែលបណ្ដោយឲ្យមានការរំលោភ បំពានដីសាធារណៈបែបនេះឡើយ។ ដូច្នេះប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរស្រុកកោះសុទិន ជាពិសេសលោកអភិបាលខេត្តកំពង់ចាម អ៊ុន ចាន់ដា ពិនិត្យមើលករណីដែលកំពុងកើតឡើងនេះផង៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធគម្រោង “ព្រែកជីកហ្វូណនតេជោ”

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសស្តីពី “ព្រែកជីកហ្វូណនតេជោ”។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ចាត់ទុកការប្ដូរប្រូហ្វាល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅលើបណ្ដាញសង្គមនានា ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ គឺជាចលនាជាតិដ៏ធំធេង ក្នុងស្មារតីស្នេហាជាតិ និងដើម្បីកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា។ សម្ដេចតេជោ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងព្រះសង្ឃគ្រប់អង្គដែលបានចូលរួមគាំទ្រនូវគម្រោងព្រែកជីកនេះ។ សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ជាថ្មីថា សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនមានក្ដីបារម្ភណាមួយចំពោះបញ្ហាបរិស្ថាន និងសង្គមនោះទេ ដូច្នេះកម្ពុជាត្រូវតែអនុវត្តគម្រោងព្រែកជីកនេះឱ្យខាងតែបាន។

សម្ដេចបានមានប្រសាសន៍បញ្ជាក់ឡើងវិញថា គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិត​ផ្ដួចផ្ដើម​តែមួយគត់ចេញពីកម្ពុជាសុទ្ធសាធ។ សម្ដេចតេជោ ជំទាស់យ៉ាងដាច់ណាត់ចំពោះក្រុមប្រឆាំងជ្រុលនិយមមួយចំនួនដែលបានឡើងឡើងថា គម្រោងព្រែកជីកនេះជាគំនិត​ផ្ដួចផ្ដើម​របស់ចិន និងធ្វើឡើងដើម្បីគាំទ្រដល់ដល់ចិន។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការសោកស្ដាយចំពោះក្រុមអ្នកវិភាគប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលនៅតែបន្តយករឿងព្រែកជីកហ្វូណននេះ មកភ្ជាប់នូវបញ្ហានយោបាយតំបន់ប្រឆាំងចិន។ សម្ដេចតេជោ សម្ដែងការសោកស្ដាយ ដែលក្នុងនាមជាបញ្ញវន្តមួយរូប ប៉ុន្ដែក្រុមអ្នកវិភាគប្រឆាំងមួយក្ដាប់តូចនោះ បែរជាបន្តយករឿងដែលជាសមិទ្ធផលសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិមកធ្វើជាឈ្នាន់នយោបាយរបស់ពួកគេ។ សម្ដេចតេជោបានបញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងចូលរួមផ្ដល់ផលចំណេញលើចម្ងាយផ្លូវប្រវែង ១៦៩ គីឡូម៉ែត្រ ក្នុងការដឹកជញ្ជូនទំនិញ និងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដែលផ្ដល់ភាពងាយស្រួលលើការដឹកញ្ជូន។

សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងផ្ដល់ប្រព័ន្ធស្រោចស្របដល់បណ្ដាខេត្ត ទិសនីរតីនៃប្រទេសកម្ពុជា។ ព្រែកជីកនេះ អាចទាញទឹកឱ្យប្រជាជនសម្រាប់បង្កបង្កើនផល និងប្រើប្រាស់ ដូច្នេះពលរដ្ឋនឹងបង្កើតបាននូវមុខរបរដូចជាការធ្វើកសិកម្មពីធ្វើមួយលើក ទៅធ្វើពីរលើក ឬលើសពីនេះ។ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជាមិនល្ងង់រហូតដល់សុខទៅទាញទឹកប្រៃមកបំផ្លាញទឹកសាបខ្លួនឯងនោះទេ។ អ៊ីចឹង ផលប្រយោជន៍ គឺកម្ពុជាអាចបង្កើតបាននូវប្រព័ន្ធស្រោចស្របនៃទិសនីរតី ហើយភាពបៃតងនៃទិសនីរតីរបស់កម្ពុជា ហើយនឹងកើតឡើងនៃការដាំដុះ ការដាំដើមឈើ ដោយសារកម្ពុជាមានបណ្ដាញទឹកស្រោចស្របដ៏ល្អនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ ក៏នឹងជួយទប់ស្កាត់បញ្ហាទឹកជំនន់នៅរដូវវស្សា ក្នុងប្រទេសកម្ពុជាផង និងបណ្ដាប្រទេសជិតខាងផងដែរ។ ក្រោយមានព្រែកជីកហ្វូណនតេជោ វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា នៅទិសនីរតី ដូចការប្រសិទ្ធនាមថា តារារះនៅទិសនីរតីផងដែរ។ សម្ដេចតេជោជំរុញដល់រាជរដ្ឋភិបាលកម្ពុជា ពន្លឿនដល់ការបើកការដ្ឋានក្នុងការស្ថាបនា ព្រែកជីកហ្វូណនតេជោនេះតែម្ដង។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ផ្ដាំផ្ញើទៅប្រជាពលរដ្ឋ សូមចាប់អារម្ភ​លើឯករាជ្យភាពខាងនយោបាយ លើការដឹកជញ្ជូនរបស់កម្ពុជា។ កម្ពុជាមិនចាំបាច់យកវៀតណាមធ្វើជាសត្រូវ ហើយវៀតណាមក៏មិនចាំបាច់យកកម្ពុជាធ្វើជាសត្រូវដែរ។ ប៉ុន្ដែមានក្រុមប្រឆាំងជ្រុលនិយមដែលនៅតែបន្តលើកឡើងនូវរឿងព្រែកជីកហ្វូណនតេជោនេះ ទៅភ្ជាប់នឹងបញ្ហាភូមិសាស្រ្តនយោបាយក្នុងតំបន់។សម្ដេចបានរម្លឹកថា ព្រះបាទអង្គឌួង បានគិតគូរពីការស្ថាបនា ព្រែកជីកនេះ តាំងពីឆ្នាំ ១៨៤០ មកម្ល៉េះ។ មានគេនិយាយថា បើធ្វើព្រែកជីកនេះ ចំណេញសួរថា កាលពីជាង ៤០ឆ្នាំមុន ហេតុអ្វីមិនធ្វើព្រែកជីកនេះ ។ សម្ដេច បញ្ជាក់ថា ពេលនោះ កម្ពុជាក្រណាស់ មិនមែនកម្ពុជាមិនចង់ធ្វើនាពេលនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៀតថា សម្ដេចមិនត្រូវការឱ្យប្រជាជនកម្ពុជា និងវៀតណាមស្អប់គ្នា នឹងយកគ្នាធ្វើជាសត្រូវនោះទេ។ សម្ដេចតេជោ ចង្អុលបង្ហាញថា ការធ្វើព្រែកជីកនេះ គឺនឹងបន្សល់ទុកដល់កម្ពុជាលើសពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នោះគឺការឯករាជ្យខាងនយោបាយលើវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា៕

ឈ្មួញឈ្មោះយ៉ង់ វីតា លួចជីកយកអាចម៍ដីលក់ធ្វើ ព្រងើយ ស្របពេលដែលរដ្ឋបាលស្រុកស្រីសន្ធរថាបញ្ឈប់ហើយ

រហូតមកដល់រសៀលថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៤ នេះសកម្មភាពជីកកកាយយកអាចម៍ដីលក់ នៅតំបន់វាលបឹងក្រោយភូមិព្រែកឪជ្រឹង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លួចបន្តកើតមានជាធម្មតា ស្របពេលដែលរដ្ឋបាលស្រុក បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានសកម្មភាពជីកកកាយយកអាចម៍ដីទៀតទេ។ ដូច្នេះសេចក្តីបំភ្លឺ នៅលើក្រដាស១សន្លឹកដែលចារអក្សរ ៤,៥ បន្ទាត់របស់រដ្ឋបាលស្រុកស្រីសន្ធរនោះ គ្រាន់តែជាការជួយបិទបាំងអំពើទុច្ចរឹតរបស់ពួកឈ្មួញតែប៉ុណ្ណោះ។

ប្រភពដកស្រង់សម្ដីថៅកែគ្រឿងចក្រ ដែលកំពុងជីកយកអាចម៍ដីនៅខាងក្រោយភូមិព្រែកឪជ្រឹង ឃុំព្រែក រំដេង ស្រុកស្រីសន្ធរឲ្យដឹងថា ការជីកយកអាចម៍ដីនោះគឺទទួលបានការអនុញ្ញាតច្បាប់ពីរដ្ឋបាលស្រុកស្រីសន្ធរ ហើយម្យ៉ាងទៀតគឺគេជីក នៅក្នុងដីស្របច្បាប់របស់ខ្លួនដែលមានប្លង់រឹងត្រឹមត្រូវ។យ៉ាងណាក៏ដោយម្ចាស់គ្រឿង ចក្រនេះមិនបង្ហាញលិខិតអនុញ្ញាត ឬច្បាប់ទម្លាប់ដែលអះអាងថា សាលាស្រុកចេញឲ្យនោះ ដល់អ្នកកាសែតបានឃើញទេ។ មិនតែប៉ុណ្ណោះប្រសាសន៍របស់ថៅកែគ្រឿងចក្រ ហាក់ដូចជាមានអាថ៌កំបាំង ច្រើនជាពិសេសពាក់ព័ន្ធនឹងការយកគ្រឿងចក្របិទផ្លូវមិនឲ្យអ្នកកាសែតបានធ្វើដំណើរ។

ប្រភពព័ត៌មានឲ្យដឹងថា ក្រុមឈ្មួញគ្រឿងចក្រកកាយអាចម៍ដីកំពុងធ្វើសកម្មភាពកាយគាស់ដីព្រៃលិចទឹក នៅខាងក្រោយ ភូមិព្រែកឪជ្រឹង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ អ្នកភូមិនៅឃុំព្រែករំដេងបានដឹងអំពីសកម្មភាព នៃការជីកកកាយយកអាចម៍ដីលក់ប៉ុន្តែមិនដឹងថា តើពួកអ្នកជីកយកអាចម៍ដីទាំង នោះមានច្បាប់អនុញ្ញាតដែរឬក៏យ៉ាងណានោះទេ។ បើពួកគេជីកកកាយ យកអាចម៍ដីដោយស្របច្បាប់មែន ហេតុម្ដេច ចាំបាច់យកគ្រឿងចក្របាំងបិទផ្លូវហើយមិនឲ្យអ្នកកាសែតបានទៅឃើញរណ្ដៅដីដែលពួកគេជីក។

រណ្ដៅដីត្រូវគេប៉ាន់ស្មានថា មានជម្រៅជាង២ម៉ែត្រ និងមានរថយន្តប្រហែល១០គ្រឿងធ្វើសកម្មភាពដឹកជញ្ជូនអាចម៍ដីបន្តកន្ទុយគ្នា យកទៅចាក់បំពេញទីផ្សេងៗនៅ ក្នុងមូលដ្ឋានក្បែរៗនោះ។ ពលរដ្ឋប្រាប់ថា គ្រឿងចក្រ ដែលធ្វើសកម្មភាពដឹកជញ្ជូន និងជីកកកាយទាំងនោះមើលទៅហាក់ដូចជាមានការប្រយ័ត្នប្រយែងចំពោះអ្នក ចំណូលថ្មី,ជនប្លែកមុខ ជាពិសេសក្រុមអ្នកកាសែតត្រូវបានរារាំងឬហាមឃាត់មិនឲ្យចូលទៅដល់តំបន់នោះទេ។

លោកស៊ីម គង់ អភិបាលស្រុកស្រីសន្ធរមិនលើកទូរសព្ទនោះទេ។ យ៉ាងណាក៏ដោយ នៅក្នុងសេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកស្រីសន្ធរបានក៏ដឹងថា ពិតជាមានការជីក កកាយយកដីលក់នោះមែន ប៉ុន្តែបន្ទាប់ពីបានឃើញគេហទំព័រផ្សព្វផ្សាយព្រោងព្រាត ក៏រដ្ឋបាលស្រុកបាន ដឹងហើយក៏ឲ្យបញ្ឈប់សកម្មភាពខុសច្បាប់នោះទៅ។

ពលរដ្ឋយល់ឃើញថា វាជារឿងលំបាកដែលអាជ្ញាធរស្រុកស្រីសន្ធរ មិនដឹងអំពី អ្វីដែលកំពុងកើត មានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសពាក់ព័ន្ធនឹងបញ្ហាផលប្រយោជន៍ ។ ទោះយ៉ាងណាក៏ដោយ គេរំពឹងថាអាជ្ញាធរជំនាញខេត្តកំពង់ចាមនឹងពិនិត្យមើលករណីដែលកំពុងកើតមាននៅក្នុងទីតាំងខាងលើនេះ ដើម្បីឲ្យប្រជាពលរដ្ឋអស់កង្វល់ផង។ ពីព្រោះមើល ទៅវាជារឿងផលប្រយោជន៍របស់អាជ្ញាធរស្រុក និងពួកឈ្មួញឃុបឃិតគ្នា៕

នាយផ្នែករដ្ឋបាលជលផលរាំងទិល លោក ជិន ចាន់ថន ចុះធ្វើប្រតិបត្តិការរបៀប វ៉ៃស្មៅបង្អើលពស់ ដោយប្រើកម្លាំងជនស៊ីវិល

សេចក្តីរាយការណ៍ពីអ្នកនេសាទ តំបន់បឹងទន្លេសាបស្រុកបាកានឱ្យដឹងថា សព្វថ្ងៃនេះមានសមត្ថកិច្ចស្អេក ស្កះនៅតំបន់បឹងទន្លេសាបរង់ចាំបង្ក្រាបបទល្មើស។ នៅ ពេលដែលសមត្ថកិច្ចច្រើនស្ថាប័ន ជាពិសេសកម្លាំងជំនាញមានផ្នែក,មានសង្កាត់,មានខណ្ឌរដ្ឋបាលជល ផល..ធ្វើប្រតិបត្តិការជារៀងរាល់ថ្ងៃ ប៉ុន្តែហាក់មិនបានផលប្រយោជន៍នោះទេ ពោលគឺបទល្មើស នៅតែកើត មានពេញផ្ទៃបឹងទន្លេសាបដដែល។ សកម្មភាពនៃការបង្ក្រាបនោះទៀតសោត ជួនកាលសមត្ថកិច្ចជលផលប្រើទាំងកម្លាំងជនស៊ីវិលទៀតផង ដោយមិនរកកិច្ច សហការពីស្ថាប័នប្រដាប់អាវុធនោះឡើយ។

នោះគឺករណីដែលមន្ត្រីផ្នែករដ្ឋបាលជលផលរាំងទិលលោក ជិន ចាន់ថន ចុះធ្វើប្រតិបត្តិការរបៀប វ៉ៃស្មៅបង្អើលពស់ ដោយប្រើកម្លាំងជនស៊ីវិលធ្វើប្រតិបត្តិការ ស្ងាត់ៗដោយមិនមានការចូលរួមពីសមត្ថកិច្ចផ្សេងនោះឡើយ។ ប្រជានេសាទនិយាយថា នៅពេលលោកជិន ចាន់ថន ចុះបង្ក្រាបបទល្មើស ហាក់ដូចជាមិនបានជូន ដំណឹងទៅ ដល់ថ្នាក់ដឹកនាំមន្ទីរ និងរកកិច្ចសហការពីសមត្ថកិច្ចជំនាញនៅតំបន់បឹងទន្លេសាបនោះទេ។ ជួនកាលលោកនាយផ្នែករដ្ឋបាលជលផលរាំងទិលរូបនេះ ដឹកនាំកម្លាំងដែលជាជនស៊ីវិល៤-៥នាក់ចុះទៅបង្ក្រាប ឬគំរាមកំហែងនេសាទល្មើសច្បាប់ដើម្បីយកប្រាក់។

មន្រ្តីរដ្ឋបាលជលផល មានស្នាក់ការនៅបឹងទន្លេសាបផ្នែករាំងទិល ក្នុងភូមិសាស្រ្តស្រុកបាកាន ខេត្តពោធិ៍ សាត់ដែលដឹកនាំដោយនាយផ្នែក លោក ជិន ចាន់ថន បាននិងកំពុងទទួលការរិះគន់ពីសំណាក់អ្នកនេសាទថា មន្រ្តីជលផលរូបនោះ បាននាំកំលាំងក្រៅក្របខ័ណ្ឌមន្រ្តីកិច្ចសន្យានិងកំលាំងកម្មករមកប្រើជំនួសមន្រ្តីក្របខ័ណ្ឌ ឬរូបលោកផ្ទាល់ ខណះចុះអនុវត្តច្បាប់ ឬបង្ក្រាបល្មើសនេសាទនិងពេលខ្លះកំលាំងដែលជំនួសនោះ ឈានដល់ ទៅដឹកនាំសហការកំលាំងស្ថាប័នរដ្ឋផ្សេងៗទៀតផង។ ករណីនេះគេដាក់ការសង្ស័យទៅលើលោកជិន ចាន់ថន នោះថា ជារបៀបនៃការប្រមូលប្រយោជន៍តែម្នាក់ឯងដោយមិនចង់ពាក់ព័ន្ធ នឹងឲ្យស្ថាប័នផ្សេងដឹងរឿងរបស់ខ្លួននោះឡើយ។

ប្រភពព័ត៌មានចេញពីមន្រ្តីនៅតំបន់នោះ ខ្សឹបថាការប្រើប្រាស់កំលាំងខុសក្របខ័ណ្ឌឬប្រើមន្រ្តីកិច្ចសន្យារបៀបនេះ វាគ្រាន់តែជាឈ្នាន់សម្រាប់រកប្រយោជន៍ជូនលោកជិន ចាន់ថន ឬឃុបឃិតជាប្រព័ន្ធតែប៉ុណ្ណោះ។ ប្រភពអ្នកនេសាទបាននិយាយថា បញ្ហាបទល្មើសលើផ្ទៃបឹង ទន្លេសាបសព្វថ្ងៃ អាចដំណើរការទៅបានដោយសារតែការឃុបឃិតគ្នាជាប្រព័ន្ធ ហើយប្រព័ន្ធនោះទៀតសោតគឺមានច្រើនស្ថាប័នណាស់។ ដូច្នេះអ្នកនេសាទល្មើសច្បាប់ក៏មិនចំណេញប៉ុន្មាននោះដែរព្រោះសមត្ថកិច្ចច្រើនស្អេក ស្កះនៅលើផ្ទៃបឹងទន្លេសាបសព្វថ្ងៃនេះ។ អ្នកនេសាទ និយាយថា វាជារឿងលំបាកណាស់ ពីព្រោះសមត្ថកិច្ចច្រើនពេក ហើយផលនេសាទក៏លក់មិនបានថ្លៃដែរ។

រីឯសមត្ថកិច្ចថ្នាក់ខេត្តដូចជាលោកភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលនិងលោកហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ ផ្តេកផ្ដួលជាមួយមន្ត្រីថ្នាក់ក្រោមក្នុងផលប្រយោជន៍ណាមួយ ហើយបើនិយាយពីបញ្ហាបទល្មើសនេសាទនៅបឹងទន្លេសាបក្នុងភូមិ សាស្ត្រខេត្តពោធិ៍សាត់ មានច្រើនគគោកហើយភាគ ច្រើនសុទ្ធតែបានបង់លុយកាក់ឲ្យមន្ត្រីមានសមត្ថកិច្ចដែលប្រចាំការនៅទីនោះ។ នេះគឺជាបញ្ហាដែលកំពុងកើតមាននៅតំបន់បឹងទន្លេសាបសព្វថ្ងៃនេះ។ រីឯបញ្ហាដែលធ្ងន់ជាងគេគឺលោកជិន ចាន់ថន ប្រើទាំងជនស៊ីវិលចុះបង្ក្រាបបទល្មើសរបៀប វ៉ៃស្មៅបង្អើលពស់ នោះទៀតផង៕